នៅថ្ងៃដដែលនេះដែរ បន្ទាប់ពីញ្ជើញជាអធិបតីសាក្សីរួមគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុនក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe)

ក៏បានអញ្ជើញធ្វើជួបពិភាក្សាទ្វេភាគីក្នុងកម្មវិធីអាហារថ្ងៃត្រង់ស្ងិតក្នុងបរិយាកាសស្និទ្ធស្នាល។ ក្នុងជំនួបអាហារថ្ងៃត្រង់នោះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានទទួលស្វាគមន៍សម្តេចតេជោ យ៉ាងកក់ក្ដៅបំផុត ព្រមទាំងបានថ្វាយព្រះពរដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មថ្មីៗនេះ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៏ថា ជប៉ុននឹងបន្ត ជួយដល់ប្រទេសកម្ពុជា រួមទាំងកិច្ចការប្រជាធិបតេយ្យផងដែរ។ ឯកឧត្តម អាបេ បានកោតសរសើរ ដល់ស្ត្រីខ្មែរពីររូបដែលបានធ្វើការនៅប្រទេសជប៉ុនដោយចាត់ទុកថាជាគំរូដែលធ្វើការបានល្អ ហើយឯកឧត្តមបានមានប្រសាសន៍ថា យើងនឹងបន្តធ្វើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដើម្បីមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាពិសេសពាក់ព័ន្ធទៅ និងកំពង់ផែនៅខេត្តព្រះសីហនុ ដែលជប៉ុនធ្លាប់បានធ្វើសហប្រតិបត្តិការរួចមកហើយ។ ពាក់ព័ន្ធនឹងបញ្ហាតំបន់ ឯកឧត្តម នាយករដ្ឋមន្ត្រី បានលើកឡើងថា ត្រូវធ្វើយ៉ាងណាឲ្យតំបន់របស់យើង មានលក្ខណៈសេរីនិងបើកចំហ និងចង់ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ ដែលបានលើកឡើងអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ឆ្លៀតឱកាសនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដលប្រទេសជប៉ុន ជាពិសេសសម្រាប់ជំនួយលំហូសេដ្ឋកិច្ចទាំងឡាយ ប្រកបដោយប្រជាធិបតេយ្យ ហើយសន្យាថានឹងបន្តធ្វើការជាមួយគ្នាក្នុងក្របខណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសជប៉ុននេះ។ រីឯគំនិតផ្ដួចផ្ដើមដែល Shinzo Abe បានលើកឡើងអំពីលក្ខណៈសេរី និងបើកចំហរនៅក្នុងតំបន់ សម្ដេចបាន ចាត់ទុកថាគឺពិតជាល្អណាស់ ដែលនឹងធ្វើឲ្យមានស្តង់ដារជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់នេះ។ សម្ដេចតេជោក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដែលបានសរសើរ ដល់ស្ត្រីខ្មែរដែលធ្វើការនៅប្រទេសជប៉ុន ដែលចាត់ទុកថាជាគំរូ ធ្វើការបានល្អនោះ។ សម្ដេចក៏បានរំលឹកអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរ ដែលព័ន្ធនពាក់ព័ន្ធនឹងការអភិវឌ្ឍធនធាន មនុស្សនិងគម្រោងសាងសង់ផែនៅខេត្តព្រះសីហនុ ហើយសម្ដេចក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ច កន្លងមកនេះ ដែលបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបានក្នុងរង្វង់ជាង៧%ប្រចាំឆ្នាំ ដែលធ្វើឲ្យថវិកាជាតិមានការកើនឡើងនិង មានការកែទម្រង់ជាច្រើននៅក្នុងប្រទេសកម្ពុជា។ ទោះបីជាមានការអភិវឌ្ឍន៍រីកចម្រើន ប៉ុន្តែកម្ពុជាមានការប្រឈម ដែលត្រូវការជំនួយបន្ថែមទៀតជាពិសេស កម្ចីសម្បទាន និងជួយធ្វើយ៉ាងណាឲ្យប្រទេសជប៉ុន លើកទឹកចិត្តឲ្យមានវិនិយោគិនមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានបន្តថាថ្វីដ្បិតជប៉ុនមានវិនិយោគក្នុងលំដាប់ថ្នាក់ទី៦ នៅប្រទេសកម្ពុជា ប៉ុន្តែវិនិយោគិនជប៉ុនគឺប្រកបដោយគុណភាព ។ យ៉ាងណាមិញ ដូចជាក្រុមហ៊ុនជប៉ុនមួយចំនួនដែលបានទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយនោះគឺជាក្រុមហ៊ុនដែល មានគុណភាព។ សម្តេចក៏បានស្នើឲ្យនាយករដ្ឋមន្រ្តីជប៉ុនបន្តជួយធ្វើយ៉ាងណា ជំរុញលើកទឹកចិត្តឲ្យវិនិយោគទុនជប៉ុនទៅ បណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ទន្ទឹមនេះសម្ដេចតេជោ ក៏បានលើកនូវសំណើជូន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនឲ្យជួយ បន្តលើការដោះមីននៅកម្ពុជាដល់អង្គការស៊ីម៉ាក់ ដែលគម្រោង៣ឆ្នាំតទៅមុខទៀត ត្រូវការថវិកាប្រមាណ២៨លានដុល្លារអាមេរិក សម្រាប់ខេត្ត ៣ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់។ ពាក់ព័ន្ធនឹងបញ្ហាថែរក្សាសុខសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដែលកន្លងមកប្រទេសទាំងពីរបានបញ្ជូន កងទ័ពមួកខៀវទៅកាន់បណ្ដាប្រទេសមួយចំនួននោះ សម្ដេចក៏បានស្នើ ឲ្យកងព័តមួកខៀវនៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរព័ត៌មានពីគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាកាត់បន្ថយនូវការគំរាមកំហែង ដល់ទាហានមួកខៀវនេះ។ មិនត្រឹមតែប៉ុណ្ណោះទេគឺធ្វើយ៉ាងណាបញ្ចៀសកុំឲ្យមានការបាត់បង់ជីវិតដល់កងទ័ពមួកខៀវនេះ។ ជាចុងក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្ត្រី Shinzo Abe អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ 2020 ខាងមុខ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន. ស៊ីនហ្សូអាបេ បានមានប្រសាសន៍ថាពាក់ព័ន្ធនឹងការវិនិយោគពីជប៉ុនទៅកម្ពុជា ឯកឧត្តមស្វាគមន៍ចំពោះ វិធានការ ដែលសម្ដេចតេជោបានដាក់ចេញ កន្លងមកនេះ ក្នុងការកាត់បន្ថយការចំណាយរបស់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសកម្ពុជាដើម។ ទន្ទឹមនេះឯកឧត្តមក៏បានស្នើឱ្យ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តមានវិធានការផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យការ ប្រកួតប្រជែង និងស្នើសុំឲ្យមានការប្រជុំគណៈកម្មការកម្ពុជាជប៉ុន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ហើយឯកឧត្តម បានមានប្រសាសន៍ថាអ្វីដែលជា ការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែ នៅខេត្តព្រះសីហនុ ដោយជប៉ុនត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់ផែនៅប្រទេសកម្ពុជាហើយ ឯកឧត្តម បានស្វាគមន៍ចំពោះការពិភាក្សារវាងអង្គការចៃកានិងកំពង់ផែនៅខេត្តព្រះសីហនុ។ ចំពោះការអភិវឌ្ឍធនធានមនុស្សវិញ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានមានប្រសាសន៍ថាជប៉ុនគឺកំពុងតែយកចិត្តទុកដាក់ជួយទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះហើយ ដែលជានិច្ចកាលជប៉ុនតែងតែចូលរួមក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍនៅទីក្រុងភ្នំពេញជប៉ុនបានផ្ដល់ជំនួយមួយចំនួនដូចជាកម្ចី ហិរញ្ញប្បទាន ជាពិសេសគឺសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហើយពាក់ព័ន្ធនឹងពលករមកធ្វើការនៅប្រទេសជប៉ុននេះ និងប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ជប៉ុន តាមរយៈការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា។ ពាក់ព័ន្ធនឹងការស្នើសុំឲ្យជួយលើវិស័យអគ្គិសនី ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យភាគីកម្ពុជាធ្វើការពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំទីក្រុងភ្នំពេញ រីឯសំណើពីបញ្ហាការដោះមានក៏ដូច្នោះដែរ ក៏សូមឲ្យ ធ្វើការពិភាក្សាជាមួយនឹងអគ្គរាជទូតជប៉ុនប្រចាំនៅទីក្រុងភ្នំពេញផងដែរ។ ជាចុងក្រោយ ឯកឧត្តមបានស្វាគមន៍កម្ពុជាដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ 2020 ខាងមុខ ដែលពេលនោះយើងនឹងអាចពិភាក្សាគ្នាលើបញ្ហាមួយចំនួន។ ឯកឧត្តម បានគូសបញ្ជាក់ថាឯកឧត្តមនឹងបន្ត ទទួលយុវជនវ័យក្មេងឲ្យមកសិក្សាដកពិសោធន៍នៅប្រទេសជប៉ុនផងដែរហើយឯកឧត្តមសង្ឃឹមថាសូមឱ្យសម្ដេចបន្ត ការកែទម្រង់នៅក្នុងប្រទេសកម្ពុជា ជាពិសេសការពង្រឹងច្បាប់។ ឯកឧត្តមក៏បានលើកឡើងផងដែរអំពីបញ្ហាឧបទ្វីបកូរ៉េដែល កូរ៉េខាងជើងមានការបាញ់កាំជ្រួចដែលចាត់ទុកជាការរំលោភ សន្ធិសញ្ញានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអ្វីដែលសំខាន់ ជាងគេទៀត ត្រូវតែអនុវត្តឲ្យបាន ម៉ត់ចត់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើយសង្ឃឹមថាកម្ពុជានឹងចូលរួមក្នុងការអនុវត្តន៍នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ដូច្នេះឯកឧត្តមចង់ឲ្យជប៉ុននិងកម្ពុជាមានការសហការគ្នា ដើម្បីអនុវត្តលើបញ្ហាពាក់ព័ន្ធលើបញ្ហាឧបទ្វីបកូរ៉េ រួមទាំងបញ្ហានៃការចាប់ជំរិតជនជាតិជប៉ុនផងដែរ។ នាយករដ្ឋមន្ត្រីជប៉ុនក៏បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ដោយបានស្នើឲ្យសម្តេចសហការក្នុងក្របខណ្ឌអាស៊ានជំរុញការតាក់តែងនូវក្រមCOCអោយបានឆាប់ ហើយពាក់ព័ន្ធការស្នើរបស់សម្តេចអោយមានការផ្លាស់ប្តូរព័ត៌មានរវាងទាហានមួកខៀវនោះ ឯកឧត្ដម នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងគាំទ្រក្នុងការផ្លាស់ប្ដូរព័ត៌មានរបស់ទាហានមួកខៀវនៃប្រទេសទាំងពីរ ដែលកំពុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ ពាក់ព័ន្ធរាល់ការ ស្នើពីនាយករដ្ឋមន្ត្រីជប៉ុនខាងលើសម្តេចក៏ឆ្លើយតបថានឹងចូលរួមសហការអោយបានល្អ៕