នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ៥រោច ខែស្រាព ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម។

នៅក្នុងជំនួបនោះ ឯកឧត្តម Binh Minh បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរអញ្ជើញរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះរវាងកម្ពុជា និងវៀតណាមលើកទី១៧ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី២១ សីហាខាងមុខនេះ ហើយកិច្ចប្រជុំនេះ នឹងដឹកនាំរួមគ្នារវាងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបទេសនៃប្រទេសទាំងពីរ គឺឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Binh Minh។ ក្នុងជំនួបរសៀលមួយនេះ គឺមានការផ្លាស់ប្ដូរមតិមួយចំនួនជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំគណៈកម្មការចម្រុះនៅថ្ងៃស្អែកនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងមានខ្លឹមសារ។ ដោយឈរលើគោលការណ៍ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរផង និងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងប្រទេសយើងទាំងពីរដែលមានពីមុនកន្លងមកនេះផង។ ក្នុងជំនួបនេះ អ្វីដែលសំខាន់ ទី១)ផ្តោតទៅលើការត្រៀមរៀបចំនូវទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសវៀតណាមអំឡុងខែកញ្ញាឆ្នាំ២០១៩ខាងមុខនេះ ទី២)ធ្វើយ៉ាងណាគណៈកម្មការចម្រុះនេះនឹងពិភាក្សាការងារជម្រុញ នូវកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់វិស័យជាពិសេសការត្រៀមនៃការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងលើការងារព្រំដែនរវាងប្រទេសទាំងពីរ ដោយសារបច្ចុប្បន្ននេះកិច្ចការងារព្រំដែននេះគឺបានបញ្ចប់ប្រមាណជា៨៤%ហើយ សល់ប្រមាណជា១៦% ភាគរយទៀតទេដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនឹងបន្តធ្វើកិច្ចការងារនេះជាបន្តទៀត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តជំរុញការងារនេះ ជាពិសេសលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគផងដែរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឱ្យថ្នាក់ដឹកនាំវៀតណាមរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅពេលដែលដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសវៀតណាមអំឡុងខែកញ្ញាខាងមុខនេះ ដើម្បីជាឱកាសនៃការកៀងគរអ្នកវិនិយោគវៀតណាមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានការកើនឡើងថែមទៀតផងដែរ។ ក្នុងជំនួបនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាម ក៏បានបង្ហាញនូវក្តីរីករាយដែលបានឃើញសមិទ្ធផលក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី ជាពិសេសវិស័យសេដ្ឋកិច្ច និងការរីកដុះដាលនៃវិស័យសំណង់ ដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសវៀតណាមខាងមុខទទួលបាននូវភាពជោគជ័យ ហើយឯកឧត្តម នឹងធ្វើការងារនោះផ្ទាល់ជាមួយនឹងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យដំណើរទស្សនៈកិច្ចការងាររបស់សម្ដេចតេជោទទួលបាននូវភាពជោគជ័យផងដែរ៕