នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ស្របជាមួយនឹងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំនៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការកន្លងមកនេះ ក្រុមប្រទេស CLMTV ទាំង៥ បានរួមគ្នាផ្តួចផ្តើមគិតគូរ ជាពិសេសលើចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃបណ្តាប្រទេសទាំង៥។ ជាពិសេសផ្អែកតាមសេចក្តីថ្លែងការណ៍ នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាម ដែល CLMTV បានឯកភាពគ្នាជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ពីប្រទេសទទួលមកប្រទេសបញ្ជូនពលករដោយបានផ្ដួចផ្ដើមគំនិតសំខាន់ជាច្រើនស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមជាក្នុងពិធីបើសន្និសីទព្រឹកនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ការធ្វើទេសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយដែលកំពុងតែជះឥទ្ធិពលស្ទើរគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក។ ក្នុងនាមរដ្ឋាភិបាលនៃប្រទេសនីមួយៗ យើងតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ពលករទេសន្តរប្រវេសន៍ទាំងអស់ ដោយបានអនុវត្តគោលនយោបាយសម្រាប់ការពារ ការគោរពសិទ្ធិ និងលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានអាស៊ាន និងលិខិតូបករណ៍អន្តរជាតិ ដោយចាត់ទុកការអនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គមគឺជាការអនុវត្តសិទ្ធិមនុស្សដូចគ្នាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការគ្នាយ៉ាងល្អជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារលើកទី៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) នាពេលនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារនៃប្រទេស CLMTV ដែលបានយកចិត្តទុកដាក់ផ្តល់ឱកាសការងារសមរម្យ ការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ស្របតាមសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ និងឯកច្ឆន្នភាពអាស៊ាន ស្តីពីការការពារនិង ការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននាឆ្នាំ២០១៧។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែទម្រង់គ្រប់វិស័យ និងបានដាក់ចេញនូវគោលនយោបាយថ្មីមួយចំនួនរួមមាន គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ , គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេក ទេសនិងវិជ្ជាជីវៈ, គោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា, កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា, ជាពិសេស ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលរួមចំណែកក្នុងការគាំពារពលករទេសន្តរប្រវេសន៍។ សម្រាប់របបសន្តិសុខសង្គម ក្របខណ្ឌគោលនយោបាយនេះបានគិតគូរដល់មន្ត្រីរាជការសាធារណៈ កម្មករនិយោជិតវិស័យឯកជន ដោយបង្កើតឱ្យមានរបបធានារ៉ាប់រងសង្គមផ្នែកសុខុមាលភាព ជរាភាព ទុព្វលភាព មរណភាព និងហានិភ័យការងារ ដើម្បីធានាបាននូវសន្តិសុខប្រាក់ចំណូល បង្កើនផលិតភាពការងារ និងយុត្តិធម៌សង្គម។ ជាលទ្ធផល កម្ពុជាបានដាក់ឱ្យដំណើរការនូវរបបហានិភ័យការងារ ថែទាំសុខភាព និងសោធននិវត្តន៍ដែលគ្របដណ្តប់លើសហគ្រាស គ្រឹះស្ថានផ្នែកផលិតកម្ម ផ្នែកសេវាកម្ម និងផ្នែកសាធារណៈ ស្ទើរតែ១០០%នៃកម្មករនិយោជិត និងមន្ត្រីសាធារណៈ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងរៀបចំ និងដាក់ឱ្យអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅឆ្នាំ២០១៨កន្លងមកនេះ ដើម្បីពង្រីកវិសាលភាពបន្ថែមដល់ប្រជាពលរដ្ឋដែលប្រកបរបរស្វ័យនិយោជន៍និងពលករទេសន្តរប្រវេសន៍ផងដែរ។ តាមរយៈរបបសន្តិសុខសង្គមកម្ពុជានឹងមានប្រព័ន្ធគាំពារសង្គមមួយកាន់តែប្រសើរឡើង ដែលជួយដល់ការអភិវឌ្ឍ សុខុមាលភាពសង្គមជូនដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈនិងធ្វើឱ្យសង្គមកាន់តែមានសមធម៌។ ដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍ស្តីពីផែនទីបង្ហាញផ្លូវនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖ ១)ប្រទេស CLMTV សូមធ្វើការពិភាក្សាដោយលឈរលើគោលនយោបាយជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងភាពបត់បែនតាមបរិបទនៃប្រទេសនីមួយៗ ក្នុងគោលដៅឈានទៅដល់ការដាក់ចេញនូវផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV។ ២)ប្រទេសសមាជិក CLMTV សូមប្រើប្រាស់គ្រប់យន្តការនៃកិច្ចពិភាក្សាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV តាមផែនការដែលបានគ្រោងទុក។ ៣)ប្រទេសសមជិក CLMTV សូមបន្តពង្រឹង និងពង្រីកការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមប្រទេស CLMTV និងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាពីការការពារសិទ្ធិ និងអត្តប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងជាមួយបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍នានានឹងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីយើងរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN) និងដើម្បីវឌ្ឍនភាពរួមរបស់ប្រទេសទាំង៥៕