នៅព្រឹកថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់អោយដំណើរការជាផ្លូវការ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (The University of Heng Samrin Tbongkhmum) ដែលមានទីតាំងនៅ ភូមិ និគមលើ ឃុំ ស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានកំពស់៣ជាន់ និង ៤៣ បន្ទប់ ដែលនៅក្នុងពិធីនេះគឺមានប្រជាពលរដ្ឋចូលរួមជាងមួយម៉ឺននាក់។

 

សាកលវិទ្យាល័យនេះគឺជាគ្រឹះស្ថានអប់រំរបស់រាជរដ្ឋាភិបាល ដែលបង្កើតឡើងដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានកសាងទន្ទឹមគ្នា និងការកសាងអាគាររដ្ឋបាលរបស់ខេត្តត្បូងឃ្មុំ។

សាកលវិទ្យាល័យនេះមិនត្រឹមតែទទួលការបណ្ដុះបណ្ដាលសិស្សនៅក្នុងខេត្តត្បូងឃ្មុំ នេះប៉ុណ្ណោះទេ តែអាចទទួលសិស្សមកពីខេត្តមួយចំនួនទៀតដូចជា ខេត្តកំពង់ចាម ក្រចេះ រតនៈគិរី និងព្រៃវែងជាដើម ដែលជួយសំរួលដល់សិស្សានុសិស្ស និងនិស្សិត មកពីតាមបណ្តាខេត្តក្នុងការកាត់បន្ថយការចំណាយផ្សេងៗដែលត្រូវទៅរៀននៅទីក្រុង ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរអំពីយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតសំខាន់ទៅលើ៤ចំណុចគឺ មនុស្ស ទឹក ផ្លូវ និងភ្លើង ដែលជាផ្នែកដ៏មានសារសំខាន់បំផុត ក្នុងការដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តន៍ជាបន្តបន្ទាប់ដើម្បីជំរុញអោយ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍ និងរីកចម្រើន។

មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចែកអំណោយដល់លោកយាយ លោកតា សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានមកចូលរួម ព្រមទាំងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់អគារ សាកលវិទ្យាល័យនេះ ចាប់តាំងពីថ្ងៃទី ១១ កុម្ភះ ២០១៦ នេះតទៅ៕